នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី«ច្បាប់កិច្ចសន្យា និងកិច្ចព្រមព្រៀង ប្រាក់កម្ចីក្នុងប្រតិបត្ដិការហិរញ្ញវត្ថុ » ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកិច្ចសន្យា ដោយបានលើកយកករណីសិក្សាជាក់ស្តែងមកពិភាក្សា និង ជជែកលើចំនុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់រួមមានដូចជា៖ ការបង្កើតកិច្ចសន្យាក្នុងវិស័យប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ប្រការសំខាន់ៗក្នុងកិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាពាក់ព័ន្ធ ប្រភេទទ្រព្យបញ្ជាំ និងការចុះបន្ទុកលើទ្រព្យសម្បត្តិសម្រាប់ការដាក់ធានាលើការផ្តល់ប្រាក់កម្ចី និង នីតិវិធីនៃការដោះស្រាយវិវាទដែលកើតចេញពីការអនុវត្តកិច្ចសន្យា។
អង្គសិក្ខាសាលា បានពិភាក្សានិងផ្តល់ធាតុចូលអំពីការរៀបចំកិច្ចសន្យាឲ្យបានត្រឹមត្រូវនិងពេញលក្ខណៈស្របតាមច្បាប់ជាធរមាន ដែលជាចំណែកមួយដ៏សំខាន់ក្នុងប្រតិបត្ដិអាជីវកម្ម និងជៀសវាងវិវាទនានា។