អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថា ក្នុង វេទិកាបូអាវសម្រាប់អាស៊ី សិក្ខាសាលាកម្រិតខ្ពស់ អំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខ នារសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ការអភិវឌ្ឍដោយចីរភាពនិងសន្តិសុខសេដ្ឋកិច្ច អភិបាលកិច្ចសេដ្ឋកិច្ចសាកល និងអនុសាសន៍នានា ដែលមានលក្ខណៈរួបរួមនិងប្រទាក់ក្រឡាគ្នា ស្របពេលដែលពិភពលោកបាននិងកំពុងប្រឈមនឹងផលវិបាក ដែលពុំធ្លាប់មានពីមុនមក ដោយសារវិបត្តិធ្ងន់ធ្ងរ ដែលបង្កឡើងដោយ កូវីដ-១៩។
កិច្ចប្រជុំនេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម លោក លី ប៉ាដុង អគ្គលេខាធិការ នៃ វេទិកាបូអាវសម្រាប់អាស៊ី និងមានការចូលរួមពីភ្ញៀវកិត្តិយសនៃ ក្រុមប្រឹក្សាភិបាលវេទិកាបូអាវសម្រាប់អាស៊ី និងក្រុមប្រឹក្សាពិគ្រោះយោបល់ ក៏ដូចជាតំណាងថ្នាក់អន្តរជាតិ និងថ្នាក់តំបន់។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកតំណាងមកពីស្ថាប័ននានាក្នុងតំបន់ បានបង្ហាញការគាំទ្រទៅលើគំនិតផ្តួចផ្តើមរបស់ វេទិកាបូអាវសម្រាប់អាស៊ី និងបានចែករំលែកការយល់ឃើញ ក៏ដូចជាកង្វល់នានា និងគោលនយោបាយក្នុងលើកកម្ពស់ សន្តិសុខ ការស្តារឡើងវិញនិង ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់។