ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញហ្សូម (zoom) ក្រោមអធិបតីភាព បណ្ឌិត អ៉ិន ចាន់នី សហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន និងវត្តមានចូលរួម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមពី ឯកឧត្តម ឧកញ៉ា លោក លោកស្រី អនុសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន និងវត្តមានសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមគ្រឹះស្ថានធនាគារ-មីក្រូហិរញ្ញវត្ថុ នឹង តំណាងក្រុមហ៊ុន សមាគមធានារាប់រង និងសមាជិក សមាជិកាពាក់ព័ន្ធនឹងវិស័យនេះជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមកន្លងមករបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេវាធនាគារ និងហិរញ្ញវត្ថុ ផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពរដែលនៅសេសសល់ពុំទាន់ដោះស្រាយជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលថ្មីៗមួយចំនួនទៀតទៅក្នុងការស្នើសុំដំណោះស្រាយ ការបំភ្លឺពីសំណាក់ដៃគូរដ្ឋាភិបាលពាក់ព័ន្ធ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្សូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៤៩ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.