នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ដែលរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជានិងភាគីហុងគ្រី បានពិភាក្សាយ៉ាងផុសផុលនិង បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ៖ (១) ពាណិជ្ជកម្ម និងសេដ្ឋកិច្ច (២) កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់ (៣)វិស័យគ្រប់គ្រងធនធានទឹក (៤) អប់រំ យុវជននិងកីឡា (៥)វប្បធម៌ (៦) ទេសចរណ៍ (៧)ឧស្សាហកម្ម បច្ចេកវិទ្យានិងនវានុវត្តន៍ និង(៨)អាកាសចរស៊ីវិល។