នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីជំរាបជូនអំពីការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេស្ទក៏វិនិយោគខេត្តកំពត-កែប និងគោរពស្នើសុំ សន្ទរកថាឯកឧត្តម អនុសាសន៍ណែនាំ និងការសហការពីមន្ត្រីជំនាញជុំវិញខេត្ត។ មានប្រសាសន៍ក្នុងជំនួបនេះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូយើង និងគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះការងារនេះ ហើយបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានដែលបានផ្ដួចផ្ដើមអោយមានការរៀបរៀង បោះផ្សាយអំពីសក្ដានុពលខេត្តនីមួយៗអោយពិភពលោកបានស្គាល់កាន់តែច្បាស់ពីព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពត-កែប ឯកឧត្តមក៏បានផ្ដល់នូវរបាយការណ៍សង្ខេបអំពីសក្ដានុពលខេត្តដែលមានដូចជា ម្រេច ធុរ៉េន ជាពិសេសអំបិលកំពត និងវិស័ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តក៏ដូចជាផ្លូវជាតិសំខាន់ៗចូលទៅកាន់ខេត្តកំពត ។ ឆ្លើយតមនាឱកាសនោះឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសម្ដែងនូវសេចក្ដីរីករាយ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និងសហការីទាំងអស់ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ក៏ដូចជាការគាំទ្រដល់វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ឯកឧត្តមឧកញ៉ារំពឹងថាបន្ទាប់ពីសៀវភៅនេះចេញផ្សាយខេត្តកំពត-កែបនឹងទទួលបានអ្នកវិនិយោគបន្ថែមទៀតដែលអាចបង្កើនការងារដល់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចក្នុងខេត្ត ។ ជំនួបនេះធ្វើលើងនៅសាលាខេត្តកំពត។
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សាលាខេត្តកំពត