នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារ “គ” “ផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវា” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉រ សហប្រធានក្រុមការងារ “គ” “ផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវា” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ ផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន សិប្បកម្ម និងសមាជិក សមាជិកាក្រុមការងារផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវាជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវាផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលគឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារវិស័យកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវាជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយ ការបំភ្លឺពីសំណាក់ដៃគូរដ្ឋាភិបាល។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
.