ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា

នាព្រឹកថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសមនិងពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាភិបាលសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ដែលដឹកនាំដោយ ឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ថ្នាក់ដឹកនាំ និង ក្រុមប្រឹក្សាភិបាលសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា និងបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់វិស័យបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអាជីវកម្មក្នុងស្រុក។ ក្នុងន័យនេះ ឯកឧត្តមឧកញ៉ា ស្នើក្រុមប្រឹក្សាសមាគមចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអភិវឌ្ឍវិស័យឯកជនរួមគ្នា ក៏ដូចជាវិស័យបច្ចេកវិទ្យានៅកម្ពុជា ឲ្យកាន់តែរឹងមាំ និងរីកចម្រើនជឿនលឿន។

ឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧកញ៉ាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រុមប្រឹក្សាភិបាលសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ឧកញ៉ាប្រធានសមាគម មានប្រសាសន៍ថា ថ្នាក់ដឹកនាំនិងសមាជិកទាំងអស់របស់សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា សុទ្ធសឹងតែជាក្រុមហ៊ុនឈានមុខក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ហើយសមាជិកទាំងអស់ គាំទ្រពេញទំហឹងដល់កិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងកិច្ចអភិវឌ្ឍវិស័យឌីជីថល។ ឧកញ៉ាប្រធានសមាគម ស្នើសភាពាណិជ្ជកម្មកម្ពុជាពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិរួមគ្នានាពេលអនាគត។

ជំនួបពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។ ស្ថាប័នទាំងពីរនឹងពិភាក្សាបន្តលើកិច្ចសហប្រតិបត្តិការលើគម្រោងបច្ចេកវិទ្យាឌីជីថល។

 

 

ចែករំលែក: