នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តមឧកញ៉ា ឯួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “កម្មវិធីប្រកាសជាផ្លូវការនូវរបាយការណ៍ស្ថានភាពទីផ្សារ អាជីវកម្មបរិយាប័ន្មកម្ពុជា និងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ម” ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍ស្តីពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្មកម្ពុជា និងឥទ្ធិពលរបស់អាជីវកម្មទាំងនេះទៅកាន់ការអភិវឌ្ឍន៍ធនធានមនុស្ស ការចែករំលែកលទ្ធផលនៃការសិក្សាពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា និង អាស៊ាន។