នារសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជាតំណាង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកម្មវិធី “ប្រកាសឱ្យប្រើបាស់ប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការសហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក និង មានការចូលរួមពីតំណាងពីវិស័យឯកជន និង ស្ថាប័នសាធារណៈ។
ការបង្កើតប្រព័ន្ធទិន្នន័យពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់នេះ គឺដើម្បីផ្តល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្រួលដល់ការធ្វើសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងវិនិយោគិន ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ដោយចីរភាព។