ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារ “ដ” “ផ្នែកអប់រំ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីឌីអូ Zoom ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” “ផ្នែកអប់រំ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា តំណាងគ្រឹះស្ថានសិក្សាផ្នែកឯកជន និងសមាជិក សមាជិកាក្រុមការងារផ្នែកអប់រំជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលគឺក្រសួងអប់រំ យុវជន និងកីឡា នឹងក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។
ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារវិស័យអប់រំជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលទៅក្នុងការស្នើសុំដំណោះស្រាយ ការបំភ្លឺពីសំណាក់ដៃគូរដ្ឋាភិបាល។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
.