ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូហ្ស៊ូម (zoom) ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ នៃផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ក” ផ្នែកឯកជន និងវត្តមានសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមវារីវប្បករនៅកម្ពុជា តំណាងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា អ្នកប្រកបអាជីវកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម និងសមាជិក សមាជិការក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលយកបញ្ហាប្រឈមរបស់ផ្នែកឯកជនទាំងអស់ នាំយកមកស្នើស្វែងរកដំណោះស្រាយពីសំណាក់ដៃគូរដ្ឋដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។
———-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.