នាព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីសំណើសុំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមនិងវត្តមាន លោក ស៊ូស៊ូមូ តៃ (Susumu Tai) កុងស៊ុល កិត្តិយសកម្ពុជាប្រចាំខេត្តមីយ៉ាគិ(Miyagi) និង លោក ហ៊ីរុយូគិ សាសាគិ (Hiroyuki Sasaki) ទីប្រឹក្សាកិត្តិយសវិទ្យាសា្ថនថកគ្លូប៊ល (Tux Global) និង មន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម បួន សារៈមុនី មានប្រសាសន៍ស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន។ ឯកឧត្តមក៏បានពិភាក្សាអំពីនីតិវិធីផ្លូវច្បាប់ក្នុងការបង្កើតសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស សមាសភាព និង យន្តការដើម្បីជម្រុញឲ្យធុរជនខ្មែរនៅជប៉ុន ជួយគាំទ្រ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចរាជរដ្ឋាភិបាល។
លោក ហ៊ីរុយូគិ សាសាគិ (Hiroyuki Sasaki) បានថ្លែងអំណរគុណ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រ សហការ និងឯកភាព លើចំណាត់ការ និងនីតិវិធីផ្លូវច្បាប់របស់ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។ លោកបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការស្នើសុំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាបន្តពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំបន្ថែម។
កិច្ចប្រជុំ បានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងបានឯកភាពជាគោលការណ៍លើនីតិវិធីច្បាប់ក្នុងការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន។