ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី
ទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី ៖ នាព្រឹក ថ្ងៃសៅរ៍ ៣រោច ខែកត្តិកឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង
អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា អញ្ជើញចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅ ទីក្រុង អាឌឺឡែត ប្រទេស អូស្ត្រាលី អាណត្តិទី១ លើកទី១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ខា ឡេង
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបុរីឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែហ្សេឡង់ និងក្រុមហ៊ុនសហគ្រាសជាច្រើន។
ជាលទ្ធផលនៃការបោះឆ្នោត លោក ភួង រ័ត្ននា បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុង អាឌឺឡែត ប្រទេសអូស្ត្រាលីអាណត្តិទី១ លើកទី១។
ក្នុងឱកាសនៃកម្មវិធីបោះឆ្នោតនេះ បណ្ឌិត តាន់ មុនីវណ្ណ បានចូលរួមអបអរសាទរ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងអាឌឺឡែតដែលទើបនឹងជាប់ឆ្នោត និង បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យតំណាងនេះ គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយប្រទេសអូស្ត្រាលីភាគខាងត្បូង ជាពិសេសលើវិស័យបច្ចេកវិទ្យា និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ បណ្ឌិត តាន់ មុនីវណ្ណ បានស្នើឲ្យប្រធានដែលទើបជាប់ឆ្នោតថ្មី សហការយ៉ាងជិតស្និទ្ធ ជាមួយ ស្ថាប័នរដ្ឋាភិបាលអូស្ត្រាលី ស្ថាប័នពាណិជ្ជកម្មអូស្រ្តេត (Austrade) សភាពាណិជ្ជកម្មតាមរដ្ឋនីមួយៗរបស់អូស្ត្រាលី និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ដើម្បីលើកកម្ពស់វិបុលភាពយូរអង្វែងកម្ពុជា-អូស្ត្រាលី និងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងអាឌឺឡែតនេះ គឺជាការិយាល័យតំណាងទី៣ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីការិយាល័យនៅ ទីក្រុងមែលប៊ន និង ទីក្រុងស៊ីដនី ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២៣។ ការិយាល័យទាំងនេះនឹងចូលរួមលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។



























ចូលជាសមាជិក
