កម្មវិធី យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ)
Products Registration Promotion Campaign Program
ភ្នំពេញ៖ នារសៀលថៃ្ងច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌល ឌឺ ហ្គ្រេនធឺរ៉េស (The Grand Terrace) វេលាម៉ោង ២:៣០ នាទី, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រុមហ៊ុនឯកជន សមាគម, ធុរជន, ពាណិជ្ជករ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ការចុះបញ្ជីផលិតផល (ច.ប.ផ) គឺជាការគំណត់អត្តសញ្ញាណកម្មសម្គាល់ផលិតផលដែលបានចុះបញ្ជីរួចរាល់។ គោលបំណងនៃស្លាកសញ្ញា ច.ប.ផ គឺដើម្បីអនុវត្តចំពោះការបិទស្លាកលើរាល់ផលិតផលម្ហូបអាហារដែលបានវេចខ្ចប់រួចជាមុនសម្រាប់ផ្តល់ជូនអតិថិជន និងរាល់ទិដ្ឋភាពដែលទាក់ទងដល់ការបង្ហាញលើស្លាកនោះដូចជា៖ ឈ្មោះក្រុមហ៊ុន, រោងចក្រ សហគ្រាស សិប្បកម្ម, អាសយដ្ឋាន, ពាណិជ្ជសញ្ញា, សមាសភាពផ្សំ, កាលបរិច្ឆេទ និងចំណុះ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម នឹងទទួលបានអត្ថប្រយោជន៍គឺស្របតាមបទប្បញ្ញាត្តិរបស់ស្ថាប័នមានសមត្ថកិច្ច, ទប់ស្កាត់នូវផលិតផល និងទំនិញក្លែងក្លាយ, ធ្វើឱ្យផលិតផលទទួលបានភាពទាក់ទាញ, មានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងធ្វើឱ្យកើននូវចំណូលពីការលក់, ងាយស្រួលក្នុងការតាមដានទីផ្សារ និងបង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈផងដែរ។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc














ចូលជាសមាជិក
