អ្នកឧកញ៉ា គិត ម៉េង ជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមរវាងប្រទេសទាំងពីរ
ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាជួបប្រជ៉ំជាមួយក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន ដឹកនាំដោយលោក Lord Vaizey ប្រធានក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន (UK-ASEAN) និងប្រតិភូធុរកិច្ចមកពីចក្រភពអង់គ្លេសនៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឱកាសដែលអ្នកឧកញ៉ា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា"ជំនួបរបស់យើងនាពេលនេះគោលដៅរួមគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន និងសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ជំរុញ និងបង្កើនល្បឿនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត"។ អ្នកឧកញ៉ាបន្តថា "ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន (UK-ASEAN) ដ៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីជាកម្លាំងចលករដ៏សំខាន់សម្រាប់ការបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងប្រជាជាតិយើងទាំងពីរ"។ អ្នកឧកញ៉ា បានបន្តថា "ភាពជាដៃគូនេះត្រូវតែជំរុញលើសពីការពិភាក្សា ឆ្ពោះទៅរកលំហូរ កិច្ចព្រមព្រៀងជាក់ស្តែង និងការសម្រេចបាន នូវគម្រោងជាក់ស្តែង"។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រ និងសកម្មរបស់ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ព្រមទាំងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការនាពេលអនាគត និងការពិភាក្សាប្រកបដោយលទ្ធផលជាក់ស្តែងនៅថ្ងៃនេះ"។
លោក Lord Vaizey ប្រធានក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន (UK-ASEAN) បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ដោយមើលឃើញពីសក្តានុពលក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចជាមួយគ្នា។ លោកបានបន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន រីករាយនិងបន្តសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពកម្ពុជា។
សូមជម្រាបថា កន្លងទៅសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ស្ថាប័នទាំងពីរធ្លាប់បានឯកភាពផ្សព្វផ្សាយជំរុញ កម្ពុជា ជាទិសដៅវិនិយោគរបស់ធុរជនអង់គ្លេស សម្របសម្រួលតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអង់គ្លេស ជំរុញបរិយាកាសវិនិយោគល្អប្រសើរនៅកម្ពុជា។ ជំរុញកិច្ចសហប្រតិបត្តិការកម្រិតអាស៊ាន និង ពហុភាគី៕

















ចូលជាសមាជិក
