ពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ «CAMFOOD+CAMHOTEL ឆ្នាំ២០២៥»
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាគណអធិបតី និងថ្លែងមតិចំណាប់អារម្មណ៍ក្នុងពិធីបើកសម្ពោធពិព័រណ៍ «CAMFOOD+CAMHOTEL 2025» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិធីខាងលើក៏មានការចូលរួមផងដែរ ពីសំណាក់ ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តតាកែវ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អគ្គនាយក អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា សមាជិកជីអេស១កម្ពុជា និងគណៈប្រតិភូពាណិជ្ជករបរទេស សហគ្រិន វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់។
ព្រឹត្តិការណ៍ CAMFOOD+CAMHOTEL 2025 នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបរិក្ខារសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មក្នុងវិស័យទេសចរណ៍ បានជួបជាមួយម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មក្នុងវិស័យទេសចរណ៍ (Supply and Demand Matching) ដោយមានការចូលរួមពីក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកមានចំនួនសរុបប្រមាណ ៣០០ ក្រុមហ៊ុន និងជាពិសេសមានការចូលរួមពីអ្នកជំនាញជាង ៦០០០ នាក់ ដើម្បីទស្សនាពិព័រណ៍ និងជួបជុំជជែកស្វែងយល់គ្នាទៅវិញទៅមក សំដៅពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូទាំងក្នុងកម្រិតតំបន់ និងកម្រិតសកលលោក។
ឯកឧត្តម ហួត ហាក់ បានថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ដ៏ធំនេះថា ព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិក្នុងការបង្កើតបណ្តាញ និងចូលរួមពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាមួយនឹងគោលបំណងសំខាន់ក្នុងការលើកកម្ពស់កំណើនអាជីវកម្ម និងពង្រីក ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ការរៀបចំពិព័រណ៍នេះ ក៏នាំមកនូវឱកាសថ្មីសម្រាប់អ្នកផ្គត់ផ្គង់ អ្នកចែកចាយក្នុងស្រុក និងអន្តរជាតិ ដើម្បីជួបជាមួយអ្នកជំនាញមកពីឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច រួមទាំងអ្នកផលិតអាហារ និងភេសជ្ជៈឈានមុខគេលំដាប់អន្តរជាតិផងដែរ។
ក្នុងឱកាសនេះដែរ ឧកញ៉ា លឹម សុជាតិ បានលើកឡើងថា តាមរយៈការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ក្នុងស្រុកកម្រិតអន្ដរជាតិនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជាមិត្ត ជាពិសេសបានចូលរួមផ្សព្វផ្សាយ អំពីវប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងតំបន់ទេសចរណ៍ស្អាតៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
ឧកញ៉ា លឹម សុជាតិ ក៏បានផ្ដល់ជាយោបល់គន្លឹះពាក់ព័ន្ធលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែម (R&D)ទៅលើផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការកើនឡើងយ៉ាងឆាប់រហ័សនេះ។ ក្នុងន័យនេះ សណ្ឋាគារ និងភោជនីយដ្ឋាននានា នៅក្នុងប្រទេសកម្ពុជា ត្រូវខិតខំកែប្រែផលិតផល និងសេវាកម្ម របស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន ទំនើបជាងមុន និងមានការទទួលស្គាល់ជាសកល។
ឧកញ៉ា លឹម សុជាតិ ក៏បានបន្ថែមទៀតថា សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាតំណាងផ្លូវការតែមួយគត់ឱ្យវិស័យឯកជនទាំងមូល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែអនុវត្តន៍យ៉ាងសកម្មនៅកាតព្វកិច្ចរបស់ខ្លួន ក្នុងការជួយគាំទ្រ និងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននៅ បរិយាកាសធុរកិច្ចដែលល្អប្រសើរ ប្រកបដោយសុខសន្ដិភាព ស្ថិរភាព និងប្រកួតប្រជែងខ្ពស់ សម្រាប់កំណើនរយៈពេលវែង។
ជាចុងក្រោយ សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាដៃគូគាំទ្រ សូមថ្លែងអំណរគុណ ដល់ ក្រុមហ៊ុន Informa Markets ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីនាំយកអ្នកជំនាញ បច្ចេកវិទ្យា និងការវិនិយោគមកកាន់កម្ពុជា និងលើកទឹកចិត្តដល់ ប្រតិភូពាណិជ្ជករបរទេស សហគ្រិន វិនិយោគិនទាំងក្នុង ក្រៅប្រទេស ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលមកចូលរួមក្នុងរយៈពេលបីថ្ងៃនេះ ព្យាយាមទាញយកផលប្រយោជន៍ឱ្យបានច្រើន ដើម្បីយកទៅអនុវត្តន៍នៅក្នុងអាជីវកម្ម របស់លោកអ្នកក្នុងការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយ ហានិភ័យក្នុងអាជីវកម្ម ព្រមទាំងបង្កើនគុណភាពផលិតលផល និងសេវាកម្ម ឆ្ពោះទៅកាន់អនាគតរីកចម្រើនរួមគ្នា។
រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង




















ចូលជាសមាជិក
