ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានរៀបចំជំនួបពិភាក្សារវាងធុរជនកម្ពុជានិងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីគម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ
ធុរកិច្ចទ្វេភាគី ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥។
កិច្ចពិភាក្សាផ្តោតជាសំខាន់លើ ការកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួម ទៅលើវិស័យសក្តានុពល។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់
កម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេងនិងជំនាញ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់
រាជរដ្ឋាភិបាល។ អ្នកឧកញ៉ាប្រធាន បានចង្អុលបង្ហាញ អំពីវិស័យសំខាន់ៗមួយចំនួនសម្រាប់ការសហការដែលមាន
សក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍។
អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជា
អ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាល។ ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ អ្នកឧកញ៉ាប្រធានក៏បានថ្លែងអំណរគុណដល់
ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដើម្បីចរចាឈានទៅការឯកភាពគ្នាលើបទឈប់បាញ់ភ្លាមៗលើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
កិច្ចប្រជុំ បានបញ្ចប់ទៅដោយជោគជ័យដោយធុរជនកម្ពុជាម៉ាឡេស៊ី បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងពិនិត្យលទ្ធភាពសហប្រតិបត្តិទៅតាមវិស័យរៀងៗខ្លួន។ សភាពាណិជ្ជកម្មកម្ពុជា បន្តជំរុញកាលានុវត្តភាព និងជួយសម្រួលដល់ការបណ្តាក់ទុនវិនិយោគនៅ កម្ពុជា និង ការរីចម្រើនរបស់វិនិយោគិនអន្តរជាតិ។