ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពី "លទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣"

សិក្ខាសាលាស្តីពី "លទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣"

Seminar on "The Results and Recommendations of the 3rd Trade Policy Review of Cambodia"

———

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋារគារ Oakwood Premier Phnom Penh, ឧកញ៉ាបណ្ឌិត ស៊ីន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជមកម្ម"ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក និងក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី "លទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣" ក្រោមអធីបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគោលនយោបាយពាណិជ្ជកម្មកម្ពុជា តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃគណៈកម្មការគោលនយោបាយពាណិជ្ជកម្មកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្សព្វផ្សាយអំពីលទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ និងពិភាក្សាអំពីបញ្ហាប្រឈម សំណើរបស់សមាជិក និងតម្រូវការជំនួយបច្ចេកទេសក្នុងការកែសម្រួលនូវការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា កិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានប្រព្រឹត្តទៅ យ៉ាងរលូននិងជោគជ័យ ដោយទទួលបានការវាយតម្លៃជាវិជ្ជមានពីបណ្តាសមាជិក WTO លើការអនុវត្តគោលនយោបាយពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនឹងនោះ សមាជិកមួយចំនួនក៏បានស្នើសុំកម្ពុជាពិចារណាចូលរួមក្នុងសន្ធិសញ្ញា, កិច្ចព្រមព្រៀង (Plurilateral Agreements), និងគំនិតផ្តួចផ្តើមនានា ព្រមទាំងកែសម្រួលនូវការអនុវត្តកាតព្វកិច្ចមួយចំនួនផងដែរ។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: