កិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា
Consultation Meeting on Manufacturing, Small and Medium Enterprises, and Services (MSMEs)
———
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា ក្រោមអធិបតីយភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ាបណ្ឌិត ឈិន កេន តំណាងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារ "គ" ផ្នែកឯកជន និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ), ក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នដែលជាសមាជិកនៃក្រុមការងារ "គ" ផ្នែករដ្ឋាភិបាល និងសមាជិកនៃក្រុមការងារ "គ" ផ្នែកឯកជនដែលមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងសមាគម និងដៃគូអភិវឌ្ឍន៍ និងតំណាងស្ថាប័នអន្តរក្រសួងពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១. បញ្ហាថ្លៃឡូកុងតឺន័រ, ២. បញ្ហាការប្រកួតប្រជែងមិនស្មើភាពក្នុងអាជីវកម្ម, ៣. បញ្ហាប្រើប្រាស់ និងផ្តល់សេវាកម្មឧបករណ៍មាត្រាសាស្ត្រ, ៤. បញ្ហាការចុះបញ្ជិការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក, ៥. ការស្នើសុំ Certificate of Origin (CO)ការនាំចេញ/នាំចូល និងបញ្ហាផ្នែកពន្ធ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc