ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបជាមួយលោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ា នៅសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឧកញ៉ា លឹម សុជាតិ បានស្វាគមន៍វិនិយោគិន និងធុរជនមីយ៉ាន់ម៉ាមកស្វែងយល់អំពីកាលានុវត្តភាព និងសក្តានុពលនៅកម្ពុជាក្នុងវិស័យអចលនទ្រព្យ ផលិតកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា ។ ឧកញ៉ា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរបស់ប្រតិភូមីយ៉ាន់ម៉ាគឺជាឱកាសដ៏ល្អមួយសម្រាប់ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជោគជ័យជាច្រើនដែលនឹងពង្រឹងយ៉ាងសំខាន់នូវចំណងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា។
លោក Aik Htun បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា លឹម សុជាតិ ដែលបានទទួលជួបពិភាក្សាកាងារជាមួយលោក ក៏ដូចជាគណៈប្រតិភូមីយ៉ាន់ម៉ា។ លោកប្រធាន មានប្រសាសន៍លើកឡើង អំពីគោលបំណងនៃទស្សនកិច្ចនេះ និងសង្ឃឹមយ៉ាងមុតមាំអំពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា និងមីយ៉ាន់ម៉ានាពេលអនាគត។
កិច្ចប្រជុំត្រូវបានបញ្ចប់ដោយភាគីទាំងសងខាងពិភាក្សាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការទៅតាមផ្នែកនីមួយៗ។