ពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និង ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១
..................................................................
(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ដោយមានការអញ្ជើញចូលរួមពី សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង សភាពាណិជ្ជកម្មខេត្តរតនគិរី សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តតាកែវ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៦នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវករ និងសេវាករ នៅក្នុងខេត្តកំពង់ចាមចំនួន២៤២នាក់ស្មើនឹង ៩៦% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២៥២នាក់។
សមាសភាពប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ គឺ ឧកញ៉ា ហួត ឈឿន ដែលទទួលបានការបោះឆ្នោតគាំទ្រជាប្រធានចំនួន ១៤សម្លេង លើ ១៤សម្លេង ដោយអវត្តមានសមាជិកជ្រើសតាំងមួយរូបនៃសមាជិកជ្រើសតាំងសរុប១៥នាក់៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង