ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហុងកុង ប្រកបដោយភាពជោគជ័យ

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហុងកុង ប្រកបដោយភាពជោគជ័យ

ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន១៧រូប តំណាងឱ្យសភាពាណិជ្ជកម្មមកពីខេត្តចំនួន ៥ រួមមាន សភាពាណិជ្ជកម្មខេត្តស្វាយរៀង សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង បំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គសនី និងបច្ចេកវិទ្យាចល័ត២០២៥ (The Battery Show Asia 2025-Mobility Tech Asia) នាសាលពិព័រណ៍ WorldAsia Expo ក្នុងទីក្រុងហុងកុង ប្រទេសចិន ដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានានា មកពីជុំវិញពិភពលោក។

ពិព័រណ៌អន្តរជាតិដ៏សំខាន់នេះ បង្កើតឡើងដើម្បីបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់អាស៊ី នៅក្នុងវិស័យថាមពលថ្ម ការផ្ទុកថាមពល និងផ្នែកគ្រឿងអេឡិចត្រូនិចចល័ត ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល ៣ថ្ងៃ ពិព័រណ៌អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី មានការដាក់តាំងពិព័រណ៌ចំនួនជាង ៣៥០ស្តង់ ដែលទាក់ទាញអ្នកជំនាញផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាជាង ១៥០០0នាក់ និងមានវាគ្មិនជំនាញ ជាង ១៥០នាក់ ចូលរួម។ ពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី នេះ មានការតាំងបង្ហាញដ៏ទូលំទូលាយ ដែលបង្ហាញពីភាពជឿនលឿនចុងក្រោយបង្អស់នៃបច្ចេកវិទ្យាថ្ម ដំណោះស្រាយការផ្ទុកថាមពល និងការច្នៃប្រឌិត EV/HV រួមនឹងកម្មវិធីសន្និសីទអន្ដរជាតិ ដែលនិយាយអំពីប្រធានបទសំខាន់ៗ ដូចជា គោលនយោបាយ និងបទប្បញ្ញត្តិ បច្ចេកវិទ្យាទំនើប ថាមពលអ៊ីដ្រូសែន កម្មវិធីដែលកំពុងរីកចម្រើន និងនិន្នាការវិនិយោគ។ កម្មវិធីនេះ ត្រូវបានរៀបចំរួមគ្នាជាមួយ Mobility Tech Asia និង Data Center Asia ដែលជួយបង្កើនភាពទាក់ទាញរបស់ខ្លួន និងឈានដល់ផ្នែកដែលទាក់ទងគ្នាទៅវិញទៅមក។

ក្រៅពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិខាងលើ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រតិភូ ក៏បានទទួលជួបពិភាក្សាការងារ និងពិនិត្យមើលលើលទ្ធភាពចាប់ដៃគូសហការវិនិយោគ ជាមួយលោកនាយកជាន់ខ្ពស់នៃសារជីវកម្ម MATRADE ប្រទេសម៉ាឡេស៊ី, លោក បូឌី សេទិយ៉ាឌី (Budi Setiyadi) ប្រធានសមាគក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីឥណ្ឌូនេស៊ី (AISMOLI), លោកស្រី ជូឌី ស (Judy Saw) ប្រធានផ្នែកកម្មវិធីបណ្តុះបណ្តាល នៃក្រុមហ៊ុនឌីជីថល DDAS របស់ប្រទេសសិង្ហបុរី, តំណាងក្រុមហ៊ុនឧស្សាហកម្ម និងបច្ចេកវិទ្យាអគ្គិសនីប្រទេសចិន HONGFA និងតំណាងក្រុមហ៊ុនបច្ចកវិទ្យា Equinix & Zenlayer។

តាមរយៈជំនួបនានាខាងលើ ភាគីទាំងអស់ បានផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទៅវិញទៅមកអំពីសក្ដានុពល ព្រមទាំងឱកាសនៃការវិនិយោគផ្សេងៗ។ ជាលទ្ធផល ភាគីទាំងអស់បានបង្ហាញការយល់ឃើញជាវិជ្ជមានមកកាន់វិស័យធុរកិច្ចនៅកម្ពុជា ដោយបានចាប់អារម្មណ៍ និងពិចារណាក្នុងការចាប់ដៃគូ និងពង្រីកវិសាលភាពវិនិយោគមកកាន់ប្រទេសកម្ពុជា។ លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានសម្តែងក្តីរីករាយ និងបញ្ជាក់ថាប្រទេសកម្ពុជាមានបរិយាកាសពាណិជ្ជកម្មល្អ ប្រកបដោយសុខសន្ដិភាព ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងរង់ចាំស្វាគមន៍ ជួយសម្របសម្រួល ប្រសិនបើមានការស្នើសុំពីភាគីក្រុមហ៊ុន ក្នុងការមកវិនិយោគនៅកម្ពុជា។

សូមជម្រាបជូនថា ការចូលរួមព្រឹត្តិការណ៍ខាងលើនេះគឺជាផ្នែកមួយនៃកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទីក្រុងហុងកុងឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Informa Markets ដែលជាក្រុមហ៊ុនធំមួយក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ នៅទូទាំងពិភពលោក។ ក្រោមកិច្ចសហការនេះ នឹងផ្ដល់ឱកាសឱ្យសភាពាណិជ្ជកម្ពុជា អាចនាំពាណិជ្ជករ ធុរជន និងម្ចាស់អាជីវកម្មនានានៅប្រទេសកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានាទាំងនៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕

គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕

រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្តក្រុង

ចែករំលែក: