ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីផ្សព្វផ្សាយរបាយការណ៌នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយរបាយការណ៌នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤

Dissimenation of Progress Report on the Implementation of Resolute Reform Measures Introduced at The 19th Government-Private Sector Forum Second Semester 2024.

———

នៅរសៀលថ្ងៃព្រហស្បិត៌ ០៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋារគារសាងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជន និងសមាជិកពាក់ព័ន្ធចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៌នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ និងជាសហប្រធានក្រុមការងារ "គ" តំណាងផ្នែករដ្ឋាភិបាល និងសហប្រធានក្រុមការងារផ្នែកឯកជន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាដៃគូសហប្រធានក្រុមការងារផ្នែករដ្ឋាភិបាល, តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា, តំណាង CCCM ដៃគូអភិវឌ្ឍន៌ និងអ្នកពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច រួមមាន (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ (២) ការសម្រាលបន្ទុកលើអនុលោមភាព (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ (៤) កិច្ចសម្រួល ពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ (៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្ដារនិងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ (៧) ការអភិវឌ្ឍវិស័យកសិកម្មនិង កសិឧស្សាហកម្ម (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ (៩) វិស័យរ៉ែនិងថាមពល (១០) វិស័យសំណង់ និងអចលនទ្រព្យ និង (១១) បញ្ហាផ្សេងៗ។

អនុវត្តតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ខាងលើ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ បន្តពីរបាយការណ៍ឆមាសទី១ ដែលទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យ ប្រជុំពេញអង្គ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ វិធានការជាកញ្ចប់ទាំង១១ចំណុច ត្រូវបាន បំបែកជាវិធានការសរុបចំនួន១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាននិងវាយតម្លៃ។

តាមរយៈរបាយការណ៍ឆមាសទី២នេះ ក៏បានពង្រីកវិសាលភាព ដោយគ្របដណ្តប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១ឆ្នាំពេញ ក្រោយវេទិកា G-PSF លើកទី១៩។ ក្នុងកំឡុងពេលចាប់ពីក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រុមការងារតាម វិស័យចំនួន១២ ក្នុងចំណោមក្រុមការងារទាំង១៦ បានរៀបចំកិច្ចប្រជុំយ៉ាងទៀងទាត់ជាមួយវិស័យ ឯកជន សរុបចំនួន១៦លើក ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកាG-PSF លើកទី១៩ និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហា ប្រឈមដទៃដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ។

ពិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៨:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: