ពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន»
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រី, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ដែលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ។
សូមជម្រាបដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ បានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបាន យល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកប ដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕