ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតប៊ុលហ្គារីប្រចាំព្រះរាជាណាចក្រកម្ពុជា

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតប៊ុលហ្គារីប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់

ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាវលីន ថូដូរ៉ូវ (Pavlin Todorov)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្គារីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់កម្ពុជា និង អបអរសាទរ ឯកឧត្តម ប៉ាវលីន ថូដូរ៉ូវ ដែលបានថ្វាយសារតាំងចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ និងក្លាយជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៉ាវលីន ថូដូរ៉ូវ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរបានចុះហត្ថលេខានៅឆ្នាំ ២០១៩ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ

ប៊ុលហ្គារី របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីនៅមានកម្រិតទាបនៅឡើយ ហើយប្រទេសទាំងពីរគួរ ពង្រីកកិច្ចសហប្រតិបត្តិការទាំងពាណិជ្ជកម្ម និង វិនិយោគ។ ឯកឧត្តម ស្នើឲ្យមាន ការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មនៃប្រទសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និង ផ្លាស់ប្តូរព័ត៌មានកាលានុវត្តភាពទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែលក្ខណៈទ្វេភាគីទេ គឺពង្រឹកដល់ពហុភាគីក្នុងតំបន់អាស៊ាន និង តំបន់ផ្សេងទៀត។

ចែករំលែក: