ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តនៅរមណីយដ្ឋានវត្តភ្នំ។
ពិធីខាងលើនេះមានការអញ្ជើញពី ឯកឧត្តម អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងមានការចូលរួមកុះករ ពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និង ភរិយាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, ថ្នាក់ដឹកនាំ និង សមាជិកសមាគមឧកញ៉ាកម្ពុជា, សប្បុរស-ជន ព្រមទាំង តំណាងអាណាព្យាបាលទារក និង កុមារ ដែលធ្លាប់ទទួលបានការពិនិត្យ និង ការព្យាបាលដោយជោគជ័យ នៅមន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនប្រមាណ ១,០០០នាក់។
ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានប្រកាសបរិច្ចាគថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នេះផងដែរ។
សូមជម្រាបជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដែលបានភ្ជាប់ជូន។