សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹងវិនិយោគិនលើ "គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន"
Investor Seminar On "The Sihanoukville Smart Parking Project Through the Public-Private Sector Partnerships (PPP) Mechanism"
———
នៅរសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅសណ្ឋារគារ ហៃយ៉ាត រីជិនស៊ីភ្នំពេញ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមនឹងសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹងវិនិយោគិនលើ "គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន" ដែលដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ សិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរដ្ឋបាលខេត្តព្រះសីហនុ, តំណាងក្រុមហ៊ុន សមាគមធុរកិច្ចឯកជន និងវិនិយោគិនពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរខេត្តព្រះសីហនុ រួននិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងដំណើរការអភិវឌ្ឍន៍គម្រោងចំណតរថយន្តឆ្លាតវៃនៅខេត្តព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ គម្រោងនេះមានគោលបំណងដើម្បីផ្តល់ជូននូវដំណោះស្រាយចំណតរថយន្តដែលមានភាពងាយស្រួល មានសុវត្ថិភាព និងទំនើប ដើម្បីបំពេញតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងខេត្តព្រះសីហនុ។
គម្រោងនេះបានបញ្ចប់ដោយជោគជ័យនូវដំណាក់កាលសិក្សាដែលអាចអនុវត្តបាន ហើយបច្ចុប្បន្ននេះកំពុងដំណើរការឆ្ពោះទៅរកការដេញថ្លៃប្រកួតប្រជែង ដើម្បីជ្រើសរើសដៃគូឯកជនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរការគម្រោង។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗរួមមាន៖ ១. ទីក្រុងឆ្លាតវៃ និងបរិយាកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ, ២. ក្របខ័ណ្ណគ្របគ្រងគម្រោង PPP និងការរៀបចំអភិវឌ្ឍន៍គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ, ៣. វីដេអូបង្ហាញអំពីគម្រោងចំណតឆ្លាតវៃ និង ៤.លទ្ធផលនៃការសិក្សាគម្រោងចំណតឆ្លាតវៃខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:២០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc