ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ បានបញ្ចប់នៅថ្ងៃនេះ ដោយបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចប្រជុំកំពូល ក្រោមប្រធានបទ "ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម" មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ ដើម្បីស្វែងរកកាលានុវត្តភាព និងយុទ្ធសាស្រ្តសម្រាប់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈធិបតីបើកកិច្ចប្រជុំកំពូល។ ប្រតិភូជាង៧០០រូប រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឯកអគ្គរាជទូត និងអ្នកដឹកនាំធុរកិច្ចល្បីៗមកពីទូទាំងអាស៊ាន និងពិភពលោក បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

សុន្ទរកថាគន្លឹះរបស់នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញសហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានភាពធន់ និរន្តរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង។ សម្ដេចធិបតី បានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល និងការសម្របសម្រួលពាណិជ្ជកម្ម ដែលជាកត្តាដ៏សំខាន់ជំរុញការធ្វើសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។

ចែករំលែក: