សិក្ខាសាលពិគ្រោះយោបល់អំពីការរៀបចំប្រកាសស្តីពី "យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ"
Consultation workshop on the Preparation of Prakas on Renewable Energy Certificate REC Mechanism in Cambodia.
———
នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងរ៉ែ និងថាមពល, ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមនិងក្រុមការងារលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលពិគ្រោះយោបល់អំពីការរៀបចំប្រកាសស្តីពី "យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ" ក្រោមអធីបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ សិក្ខាសាលាពិគ្រោះយោបល់នេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរ៉ែ និងថាមពល, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងអគ្គីសនីកម្ពុជា, តំណាងសមាគមធុរកិច្ចផ្នែកឯកជន, តំណាងដៃគូអភិវឌ្ឍន៍, តំណាងក្រុមហ៊ុនឯកជនក្នុងវិស័យថាមពល និងសឡា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង៖ ១. ទទួលយកនូវធាតុចូលពីសំណាក់អ្នកពាក់ព័ន្ធក្នុងន័យធ្វើឱ្យប្រកាសនេះមានភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធិភាពក្នុងការអនុវត្ត, ២. ផ្តល់ជូនអ្នកចូលរួមនូវបរិបទសម្រាប់ការអនុវត្តយន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញនៅកម្ពុជា REC, ៣. កំណត់គោលការណ៍ និងរចនាសម្ព័ន្ធនៃយន្តការ REC, និង ៤.ផ្តល់ព័ត៌មានអំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនៅក្នុងយន្តការនេះ។
សិក្ខាសាលាពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc