សន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ "សហគ្រាសមួយជាសមាគមន៍សុខសាន្តមួយ"
National Conference on Industrial Relations in 2024 "One Enterprise, One Harmonious Community".
———
នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ, ឧកញ៉ាបណ្ឌិត ណាង សុធី អគ្គលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ជ" "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន រួមនិងក្រុមការងារលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ "សហគ្រាសមួយជាសមាគមន៍សុខសាន្តមួយ" ក្រោមអធីបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តារវិជ្ជាជីវៈ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល, តំណាងការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO), តំណាងភាគីសហជីព, តំណាងភាគីនិយោជក និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សន្និសីទនេះមានគោលបំណង ១. លើកកម្ពស់កិច្ចសន្ទនាសង្គម និងពង្រឹងយន្តការត្រីភាគី សំដៅធានាឱ្យបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ២. ជំរុញការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយតាមរយៈការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។
តាមរយៈសន្និសីទថ្នាកជាតិនេះក៏មានការធ្វើបទបង្ហាញមួយចំនួនផងដែររួមមាន៖ ១. អំពីសហគ្រាសជាសហគមន៍សុខសាន្ត, ២. អំពីវឌ្ឍនភាពនៃយន្តការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម, ៣. ការពិភាក្សាតុមូលលើប្រធានបទ សារៈសំខាន់នៃយន្តការដោះស្រាយវិវាទការងារ, និង អំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការដោះស្រាយវិវាទបុគ្គល។
សន្និសីទថ្នាក់ជាតិនេះធ្វើឡើងក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល/មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សន្និសីទថ្នាក់ជាតិនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc