ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ

សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ

The 2nd Reginal Symposium on Digital and Green Economy in the Greater Mekong Sub region: Governance and Gender Inclusion.

———

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋារគារហៃយ៉ាត់ រីជិនស៊ីនភ្នំពេញ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី សេដ្ឋកិច្ចឌីជីថល និងបៃតងក្នុងមហាអនុតំបន់មេគ្គង អភិបាលកិច្ចនិងបរិយាបន្នយេនឌ័រ ដែលដឹកនាំដោយ លោក David Verbiwski ភារធារីតំណាងការិយាល័យស្ថានទូតកាណាដានៅកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), សិក្ខាកាមដែលអញ្ជើញមកពីប្រទេសនៅក្នុងមហាអនុតំបន់មេគ្គងដែលរួមមានមកពីប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាមផងដែរ។

សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១. ដើម្បីឈ្វេងយល់អំពីកំណែទម្រង់អភិបាលកិច្ចក្នុងបរិបទនៃបដិវត្តកម្មឌីជីថល និងបៃតងនៅក្នុងបណ្តាប្រទេសមហាអនុ តំបន់មេគង្គ, ២. ដើម្បីបង្ហាញពីតួនាទីនៃសមធម៌យេនឌ័រក្នុងអភិបាលកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ដែលធានាឲ្យបាននូវ បរិយាបន្ន និងចីរភាព និង ៣. ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដែលផ្តោតលើបញ្ហាអភិបាលកិច្ច និងគោលនយោបាយនវានុវត្តន៍។

សិក្ខាសាលានេះនឹងមានអ្នកស្រាវជ្រាវក្នុងតំបន់មកធ្វើបទបង្ហាញការស្រាវជ្រាវលើប្រធានបទរួមមាន៖ ១. ធុរកិច្ចលើថ្នាលអនឡាញ, ២. អាជីវកម្មអេឡិចត្រូនិក ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចអន្តរតំបន់, ៣. អភិបាលកិច្ច យេនឌ័រ ភាពចម្រុះ និងបរិយាបន្នសង្គម, ៤. ប្រាក់ចំណូល ទ្រព្យសម្បត្តិ និងការបែងចែកឡើងវិញ, ៥. សេដ្ឋកិច្ចចក្រា, ៦. ចីរភាពដែលជំរុញដោយការប្រើប្រាស់ទិន្នន័យ និងធនធានធម្មជាតិ និងបរិស្ថាន។

គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រោមការឧបត្ថម្ភគាំទ្រដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសកាណាដា (IDRC)។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: