ទីក្រុងប៉េកាំង ប្រទេសចិន៖ នាព្រឹកថ្ងៃចន្ទ ៩ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំមន្ត្រីសម្របសម្រួល ត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន លើកទី ២០ នៅទីក្រុងប៉េកាំង ប្រទេសចិន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្វាងស៊ី ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ តំណាងស្ថានទូតមកពីប្រទេសអាស៊ាន និង សភាពាណិជ្ជកម្មនៅតាមបណ្តាប្រទេសអាស៊ាន ទាំង ១០។
គោលបំណង នៃកិច្ចប្រជុំគឺ ផ្តោតជាសំខាន់លើការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន លើកទី ២០ និងស្នើសុំមតិ និងធាតុចូលលើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខ នៅទីក្រុងណាននីង ប្រទេសចិន។ ក្រៅពីនេះ កិច្ចប្រជុំ គឺជាផ្នែកមួយនៃការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗនៅអាស៊ាន និងចិន ឲ្យកាន់តែស្អិតរមួត និងរឹងមាំ ព្រមទាំងសម្រេចបានលទ្ធផលដ៏ល្អប្រសើរសម្រាប់កិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ។






ចូលជាសមាជិក
