រាជធានីភ្នំពេញ៖នារសៀលថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបជំនួបពាណិជ្ជកម្មជាមួយនឹងលោកស្រី Irina Nikolaevna Aksenova អគ្គនាយកក្រុមហ៊ុន TRO MOO IPPO ។ ជំនួបពាណិជ្ជកម្មនេះមានការសម្របសម្រួលដោយ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃជំនួបនេះគឺដើម្បីស្វែងយល់អំពីបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ឧកញ៉ា អគ្គនាយកបានស្វាគមន៍យ៉ាងកក់ក្តៅដល់ លោកស្រី Irina Nikolaevna Aksenova ដែលមានចំណាប់អារម្មណ៍ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាលើកទឹកចិត្តអោយមានកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលមានវត្តមាននៅថ្ងៃនេះ ហើយ ឯកឧត្តម ឧកញ៉ា អគ្គនាយកបានថ្លែងអំណរគុណដល់ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ចំពោះការសម្របសម្រួលអោយមានជំនួបនេះកើតឡើង។ លោកស្រី Irina Nikolaevna Aksenova និង លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧកញ៉ា អគ្គនាយក ដែលបានពន្យល់យ៉ាងច្បាស់អំពីតួនាទីសភាពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងជំនួប ដែលបានធ្វើឱ្យជំនួបនេះប្រព្រឹត្តទៅយ៉ាងជោគជ័យ។