ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាធុរកិច្ចកម្ពុជា-ឆេក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ឆេក ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ គណៈប្រតិភូសាធារណរដ្ឋឆេក ដែលអញ្ជើញចូលរួមវេទិកាធុរកិច្ចនេះ ដឹកនាំដោយ ឯកឧត្តម យើហ្ស៊ី កូហ្សា (Jiří Kozák ) អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឆេក។ វេទិកាធុរកិច្ចនេះ មានគោលបំណងជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលនានា ជាពិសេសវិស័យ សុខាភិបាល ដែលក្នុងនោះក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋឆេក និងសមាគមអ្នកផលិតនិងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ បានអញ្ជើញចូលរួម និងបង្ហាញចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។

ក្នុងឱកាសនេះវេទិកាធុរកិច្ចនេះ ក្រុមហ៊ុនធំៗចំនួនបីរបស់ឆេកបានធ្វើបទបង្ហាញអំពីផលិតផលនិងសេវាកម្ម រួមមានក្រុមហ៊ុន ៖ LNET (ផលិតគ្រែពេទ្យ), TSE(ឧបករណ៍សម្ភព), និង MZ Liberec (ចែកចាយប្រព័ន្ធឧស្ម័នវេជ្ជសាស្ត្រនិងឧស្សាហកម្ម)។ វេទិកាធុរកិច្ចបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និង បានជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជា បច្ចុប្បន្នភាពវិស័យនីមួយៗ និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការរួម។

 

 

ចែករំលែក: