ថ្ងៃចន្ទ ០២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក នាសណ្ឋារគារ Raffles Hotel Le Royal នាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ តំណាងសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីសមិទ្ធិផល និងលទ្ធផលនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា (ជំហ៊ានទី ២) ដែលជាការសហការគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្រោមអធិបតីភាព លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Sanui Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រុមការងារ JICA នៅកម្ពុជា, តំណាងសមាគម និងផ្នែកឯកជនពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្មជាច្រើនទៀតផងដែរ។
គោលបំណងនៃសិក្ខាសាលនេះគឺ ដើម្បីចែករំលែក និងផ្សព្វផ្សាយសមិទ្ធិផលនានានៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ព្រមទាំងពិគ្រោះពិភាក្សាអំពីបញ្ហាប្រឈម សំណូមពរ និងការងារពាក់ព័ន្ធនឹងវិស័យភស្តុភារកម្មនៅកម្ពុជា។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៤០ នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.