រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំអបអរសាទរពិធី «ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំងប្រទេស» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៤៖០០នាទីល្ងាច នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រភ្នំពេញ។ ពិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងបានអញ្ជើញថ្នាក់ដឹកនាំ តំណាងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធសំខាន់ៗ និងតំណាងស្ថានអគ្គកុងស៊ុល អគ្គរាជទូត អង្គទូត នៃបណ្តាលប្រទេសប្រចាំនៅកម្ពុជា ព្រមទាំងបានអញ្ជើញ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងសមាគមធុរកិច្ចជាតិនិង អន្តរជាតិ នៅកម្ពុជា បានចូលរួមសរុបចំនួន ២៥០០នាក់។
ក្នុងពិធីនេះមានគោលបំណង ដើម្បីបង្ហាញពីសាមគ្គីភាពរវាងសមាជិក សមាជិកានៃ សភាពាណិជ្ជកម្មកម្ពុជា ទូទាំងប្រទេស ជាមួយសមាគមធុរកិច្ចជាតិនិងអន្តរជាតិ បង្កើនចំណងមេត្រីភាពកាន់តែល្អប្រើឡើងរវាងដៃគូរដ្ឋាភិបាលនិងឯកជន ជាពិសេសក្នុងឱកាសនេះ ដើម្បីទទួលបាននូវអនុសាសន៍នឹងការចែករំលែកនូវព័ត៌មាន ស្តីពីធុរកិច្ចនិងវិនិយោគផ្សេងៗដែលឆ្លុះបញ្ជាក់ពីការរួមគ្នារវាងវិស័យរដ្ឋាភិបាល-វិស័យឯកជនក្នុងកិច្ចសហការរួមគ្នាដើម្បីសម្របសម្រួលសកម្មភាពធុរកិច្ចនិងវិនិយោគ និងការអភិវឌ្ឍសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាមួយគ្នានេះដែបង្ហាញពីសកម្មភាពសម្រេចបាននាពេលកន្លងមក និងទិសដៅ របស់សភាពាណិជ្ជកម្មកម្ពុជា នឹងកម្មវិធី រួមមាន៖ (១). របាយការណ៍ស្វាគមន៍ ស្តីពីសកម្មភាពសភាពាណិជ្ជកម្មកម្ពុជា (២). មតិចំណាប់អារម្មណ៍ របស់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា (៣). សុន្ទរកថាសំណេះសំណាលដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត (៤). ពិធី បំពាក់ គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជា (៥). ពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត, អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ (៦). ពិធីពិសាអាហារសាមគ្គីចាប់ផ្តើម និងថតរូបអនុស្សាវរីយ៍។
ក្នុងឱកាសសំណេះសំណាលដ៏មានសារៈសំខាន់េនះ ឯកឧត្តមបណ្ឌិត បានបញ្ឫក់គាំទ្រច្បាស់ៗថា៖
- ថ្លែងអំណរគុណ ចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំពិធីពិសាអាហារល្ងាច ជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស ដែលជាការជួបជុំប្រកបដោយអត្ថន័យនាពេលនេះ
- សម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មតាមបណ្តាខេត្ត ព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេស ដែលកន្លងមកបានចូលរួមលើកស្ទួយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការគាំទ្រសហគមន៍ធុរកិច្ច, ការបង្កើតឱកាសនៃទំនាក់ទំនង ក្នុងបណ្តាញធុរកិច្ចជាតិ-អន្តរជាតិ, ការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា
- គាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា ដែលជាលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សភាពាណិជ្ជកម្មកម្ពុជា ក៏បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាព ក្នុងការជំរុញឱ្យយន្តការមួយនេះ របស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ សម្រាប់ការដោះស្រាយបញ្ហាប្រឈម, ការលើកស្ទួយសហគមន៍ធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាល នឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យឯកជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគ ក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។
- រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផល តាមរយៈ (i) ការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង វិនិយោគ, (ii) ការទាញយកប្រយោជន៍ឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម និង (iii) ការបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕
ពិធី ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណ្តិតទី៥ ទូទាំងប្រទេសនេះ បានប្រព្រឹត្តនឹងបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយក្រៃលែង។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.