បាត់ដំបង៖ ពិធីបើកជាផ្លូវការកម្មវិធី ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា2023 បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូរអមនាយករដ្ឋមន្តី្រ និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត , ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង, និងមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្ត-ក្រុង, ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវកិត្តិយសប្រមាណ ៥០០ នាក់ នៅបរិវេន ផ្សារ ភួពុយ ខេត្តបាត់ដំបង។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូរអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ នេះថា ទាក់ទងនឹងប្រធានបទនៃពិព័រណ៍ «យើងរួមគ្នា ជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» រៀបចំ នាពេលនេះ គឺជាសក្ខីកម្មនៃកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ដែលក្នុងនោះ ឯកឧត្តមបានរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម២០២៣ នេះ ពាណិជ្ជករ និងផលិតករក្នុងស្រុក និងបានផ្លាស់ប្ដូរកិច្ចការធុរកិច្ចគ្នាទៅវិញទៅមក និងប្រើប្រាស់ឱកាសឱ្យអស់លទ្ធភាពដើម្បីឱ្យបេសកកម្មមួយនេះ ទទួលលទ្ធផលជាផ្លែផ្កា។
ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍នៅថ្ងៃនេះ ពិតជាសំខាន់ដែលអាចអោយមានការភ្ជាប់ទីផ្សារ បណ្តាញអាជីវកម្មរវាង អាជីវករ និងអាជីវករ ធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ កន្លងមក រដ្ឋបាលខេត្តបាត់ដំបង មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ដែលមានការគាំទ្រពីរដ្ឋបាលខេត្ត បានជំរុញអាជីវករក្នុងខេត្តនាំយកផលិតផលទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មតាម បណ្តារាជធានី-ខេត្ត និងក្រៅប្រទេស ដើម្បីជំរុញផលិតផលក្នុងខេត្តអាចផលិតប្រកួតប្រជែងបាន និងជំរុញអោយមានទីផ្សារក្នុង និងក្រៅស្រុក។ ឯកឧត្តមបានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមពិតជាគាំទ្រឱ្យមានព្រឹត្តិការណ៍បែបនេះ ព្រោះវានឹងមិនត្រឹមតែជួយផ្សព្វផ្សាយពីសក្តានុពលនៃផលិតផល និងអាជីវកម្មក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈដំណើរទេសចរណ៍របស់ប្រជាជន និងអ្នកវិនិយោគមកខេត្តបាត់ដំបងផងដែរ
ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះគឺជា សកម្មភាពថ្មីមួយ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានចុះអនុវត្តការងារផ្ទាល់នៅមូលដ្ឋាន ដោយ ផ្ដោតលើការពង្រឹងរចនាសម្ពន័្ធទីផ្សារ តាមរយៈការប្រមូលកៀងគរផលិតផល និងសេវា ដែលសមាជិកសភាពាណិជ្ជកម្មរាជធានី-ខេត្ត ផលិតបានមកដាក់បង្ហាញចូលក្នុងទីផ្សារ។ ព្រឹតិ្តការណ៍នេះ នឹងជាវេទិកាដ៏សំខាន់ សម្រាប់ផលិតករ ពាណិជ្ជករ សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តបាត់ដំបង រួមទាំងភ្ញៀវកិត្តិយសមកពីរាជធានី-ខេត្តផ្សេងៗ បានមកចូលរួមសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈការដាក់តាំងបង្ហាញ ផលិតផល និងសេវាជូនភ្ញៀវទស្សនា ការអញ្ជើញឱ្យអ្នកតាំងពិព័រណ៍ទាំងអស់ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះ យោបល់ រយៈពេល ៣ថ្ងៃ ក្រោមប្រធានបទផ្សេងៗពីគ្នា ទាក់ទងនឹងផលិតកម្មជំរុញទីផ្សារ ពង្រឹងការគ្របគ្រង ក្រុមហ៊ុន សហគ្រាស និងការអភិវឌ្ឍផលិតផលជាដើម។
ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មពាណិជ្ជកម្ពុជា ២០២៣នាពេលនេះ ជាការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានផង និង ក្នុងការជួយសម្រួលចរន្តទីផ្សារជូនសមាជិក សមាជិការសភាពាណិជ្ជកម្មផង ដែលកន្លងមកបានជួបប្រទះនូវការលំបាកមួយចំនួនទាំងការជ្រៀតចូលទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្មដែលជាការលំបាកក្នុងការប្រកួតប្រជែង។
គួររំលឹកផងដែរថាព្រឹត្តិការណ៍នេះកើតឡើងបាន ដោយទទួលបានការចូលរួមឧបត្ថម្ភពី ធនាគា វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, កំពង់ផែស្វយ័តភ្នំពេញ,AIA life Insurance PLC, Phou Puy Investment Co., Ltd, ធនាគាព្រីនស៍ ម.ក, ធនាគាពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ក្រុមហ៊ុន យី តាក់ គ្រុប, AMRU Rice Co.,Ltd, AMK Finance Institute Plc, ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន ១២១ សបភីង ឯ.ក, BS Land & Home Co.,Ltd, East Land And Home Co.,Ltd, FORTE Insurance Plc និងបៃតង កម្ពុជា ដែលបានឧបត្ថម្ភក្នុងព្រឹត្តិកាណ៍នេះអោយលេចចេញជារូបរាងឡើង ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តបាត់ដំបងចំពោះការប្ដេជ្ញាចិត្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍លើកទីមួយរបស់សភាពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការពិព័រណ៍ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណផ្សារ ភួ ពុយ ខេត្តបាត់ដំបង ។ នៅក្នុងព្រិត្តិការនេះនឹងមាន ដាក់តាំងបង្ហាញផលិតផលខ្មែរ កម្មវិធីជំនួបពាណិជ្ជកម្ម កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន។
សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិចូលរួមអោយបានច្រើនកុះករ៕