ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ “ក” នៃក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំកិច្ចប្រជុំជាដៃគូនៃក្រុមការងារទី ដ “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានក្រុមការងារទី ដ “ផ្នែកអប់រំ”តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារទី ដ “ផ្នែកអប់រំ” តំណាងផ្នែកឯកជន ព្រមទាំងមានការចូលរួម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន និងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសាម៉ី ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ថ្នាក់ដឹងនាំសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសមាគមTVET និងសមាជិក សមាជិកាក្រុមការងារផ្សេងទៀតមួយចំនួនផងដែរ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈម កង្វល់នានា របស់ផ្នែកឯកជនដែលបានលើកឡើង ដើម្បីស្នើសុំរកដំណោះស្រាយ សម្របសម្រួល និងផ្តល់ការបំភ្លឺ។ ជាក់ស្តែងកិច្ចប្រជុំនេះ បានពិគ្រោះពិភាក្សា និងធ្វើយ៉ាងស្វែងរតំណោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជន ហើយក្នុងឱកាសនោះផងដែ ឯកឧត្តបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានទទួលយកសំណើពីផ្នែកឯកជនបានដាក់ជូន នឹងពិនិត្យទៅតាមចរឹកជាក់ស្តែងនៃបញ្ហា នឹងធ្វើលិខិតទៅតាមក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធនឹងចរឹកជាក់ស្តែងនៃបញ្ហាទាំងនេះ ដើម្បីទទួលបានការបកស្រាយ តំណោះស្រាយ នឹងអនុសាសន៍ស្រាយបំភ្លឺ ជូនដល់ផ្នែកឯកជនចំពោះបញ្ហាដែលបានលើកឡើងទាំងអស់នេះ។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com