រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបនិងសំណេះសំណាលជាមួយ ឯកឧត្តម Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើការលើកកម្ពស់ និងពង្រឹងលើកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-បេឡារុស តាមរយៈទំនាក់ទំនងរវាងធុរជនពីប្រទេសកម្ពុជា និងប្រទេសបេឡារុស។ឧកញ៉ា គួច ផេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសង្ឈឹមយ៉ាងមុតមាំថា កម្ពុជា-បេឡារុសនឹងមានទំនាក់ទំនងសេដ្ឋកិច្ចកាន់នែស្អិតរមួតនាពេលអនាគត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីផលិតផលសក្តានុពលមួយចំនួន ដែលអាចនាំចេញទៅប្រទេសបេឡារុស ពិសេសសង្កត់ធ្ងន់ទៅលើការជម្រុញការនាំចេញកៅស៊ូ ។
កិច្ចពិភាក្សាបានបញ្ចប់ និងមានលទ្ធផលជាទីផ្លែផ្កា ដោយភាគីទាំងពីរប្រទេសបានស្វែងយល់បន្ថែមអំពីស្ថានភាពសេដ្ឋកិច្ច និងធុរកិច្ចនៃប្រទេសនីមួយៗ និង សិក្សាលទ្ធភាពក្នុងការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បេឡារុស នាពេលអនាគត។