ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពី «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧»។
------------------------------------------------------
ភ្នំពេញ៖ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទីរសៀល នាសណ្ឋាគារភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពី «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧»។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះគឺបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, និង លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា ឡាវ។
សូមជម្រាបផងដែរថា អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពី «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២០-២០២២» នឹងត្រូវបញ្ចប់អាណត្តិនៅបំណាច់ឆ្នា២០២២នេះ។ ហេតុដូចនេះដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពលក្ខខណ្ឌការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧»។