ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សហការរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងការិយាល័យមេធាវីសិដ្ឋានល័យ។
ក្នុងសិក្ខាសាលានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុង សិក្ខាសាលាស្តីពី “កម្មវិធីជាតិផ្សព្វផ្សាយពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្តផ្សេងៗទៀត” ក្រោមអធិតិភាព ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិកាជាតិការពារអ្នកប្រើប្រាស់ ព្រមទាំងមានវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏មានការចូលរួម (ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូហ្ស៊ូម) ពីតំណាងស្ថាប័នរដ្ឋ-ឯកជន ក្រុមហ៊ុនឯកជន ពាក់ព័ន្ធជាច្រើនផងដែ។
គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយការយល់ដឹងជូនស្ថាប័នរដ្ឋ និងវិស័យឯកជន ទាំងអស់ ចំពោះ កម្មវិធីជាតិស្តីពី កិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងការអនុវត្តបទប្បញ្ញត្តិ ឯកសារគោលការណ៍ណែនាំ ដែលបានអនុម័តរួចស្រេច ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ឲ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឲ្យមានសុចរឹតភាព តម្លាភាព និងទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេស សម្រាប់សមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងសំខាន់ក្នុងវិស័យឯកជន និងសហគមន៍អាជីវកម្ម ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអនុវត្តច្បាប់-បទប្បញ្ញត្តិទាំងនេះ ដើម្បីបង្កើតទំនុកចិត្តជាមួយដៃគូធុរជន-អ្នកវិនិយោគជាតិ-អន្តរជាតិ ព្រមទាំងជាឱកាសពង្រឹងពង្រីកការទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសអាស៊ាន និងពិភពលោកទាំងមូល ផងដែរ។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។





















ចូលជាសមាជិក
