រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីនិងថ្លែងសុន្ទរកថា ក្នុងជំនួបពាណិជ្ជកម្មជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ។ ជំនួបពាណិជ្ជកម្មនេះ រៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីធុរជនកម្ពុជា និងជប៉ុន ជាច្រើនរូប។ គោលបំណងនៃជំនួបពាណិជ្ជកម្មនេះ គឺដើម្បី ១)ផ្តល់ឱកាសដល់ធុរជនជប៉ុនបានជួបពិភាក្សាដោយផ្ទាល់ជាមួយធុរជនកម្ពុជាទៅតាមវិស័យសក្តានុពលរៀងៗខ្លួន ២)ផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជនទាំងពីរប្រទេស និង ៣) ចែករំលែកបទពិសោធន៍និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
អ្នកឧកញ៉ាប្រធាន បានជម្រាបគណៈប្រតិភូធុរកិច្ចជប៉ុនអំពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខ និង បានអញ្ជើញគណៈប្រតិភូធុរកិច្ចជប៉ុនមកបំពេញទស្សនកិច្ចជាថ្មីនៅកម្ពុជានិងចូលរួមកិច្ចប្រជុំកំពូលនេះ។