ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈវីដេអូអនឡាញហ្ស៊ូម ក្រុមការងារបច្ចេកទេសទី២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី ២ ផ្នែកឯកជន ព្រមទាំងមានវត្តមានចូលរួម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន សមាជិក សមាជិកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងក្រុមហ៊ុននាំចេញផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈម ដែលនៅសេសសល់ នឹងទទួលយកកង្វល់ថ្មីៗ របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ សម្រាប់ការនាំចេញ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលខាងមុខ។
កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។