នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២០” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និងថ្លែងអំណរគុណចំពោះសមាជិកសមាជិកាទាំងអស់ដែលតែងតែចូលរួមគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងវិស័យឯកជន។ ឯកឧត្តម ឧកញ៉ា អគ្គនាយក គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឯកជន និងចូលរួមបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដោយរាប់បញ្ចូលទាំង ការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh