(រាជធានីភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំថ្នាក់ដឹកនាំ សមាជិកសមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួម «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វនកម្ពុជា» (The Black Swan Summit Cambodia) ដែលសហការរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា (NBC) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រសួងពាណិជ្ជកម្ម (MoC) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) របស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្រោមអធិបតីភាពបើកកម្មវិធី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាក់ព័ន្ធ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន GFTN ព្រមទាំងមានការចូលរួមពីសំណាក់តំណាងវិស័យឯកជនដឹកនាំដោយសភាពាណិជ្ជកម្មកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សមាគមធុរកិច្ចជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ក្នុងគោលបំណងបើកច្រករបៀងកិច្ចសហប្រតិបត្តិការថ្មីរវាងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសនិយាយភាសាបារាំង ព្រមទាំងជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈនវានុវត្តន៍ឌីជីថល គាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) លើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ លើកកម្ពស់វិស័យទេសចរណ៍ ទាក់ទាញវិនិយោគិនអន្តរជាតិ និងពន្លឿនវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងឱកាសនៃវេទិការយៈពេល ២ថ្ងៃនេះ ក៏មានការតាំងពិព័រណ៍បច្ចេកវិទ្យា ពិធីសម្ពោធសៀវភៅ «Stubborn» និងកិច្ចពិភាក្សាស៊ីជម្រៅលើប្រធានបទគន្លឹះជាច្រើនរួមមាន៖ ១. អធិបតេយ្យភាពរូបិយវត្ថុ និងហិរញ្ញវត្ថុឌីជីថល៖ ការប្រែក្លាយហិរញ្ញវត្ថុឌីជីថលទៅជាបរិយាបន្នហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់បាគង (Bakong) ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងអនាគតនៃរូបិយវត្ថុក្នុងយុគសម័យឌីជីថល។ ២. ការតភ្ជាប់ការទូទាត់ឆ្លងដែន៖ ការពង្រឹងប្រសិទ្ធភាពនៃការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងដែនតាមរយៈប្រព័ន្ធ QR Code និងការសិក្សាអំពីកាក់ស្ថិរភាព (Stablecoins)។ ៣. ហេដ្ឋារចនាសម្ព័ន្ធទំនើប និងសុវត្ថិភាពអ្នកប្រើប្រាស់៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសម្រាប់នវានុវត្តន៍ហិរញ្ញវត្ថុ ការអភិវឌ្ឍបច្ចេកវិទ្យាសាធារណៈ (Digital Public Infrastructure) ការគ្រប់គ្រងអត្តសញ្ញាណ ទិន្នន័យ និងការការពារអ្នកប្រើប្រាស់។ ៤. ហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចពិតប្រាកដ និង MSMEs៖ ការរចនាប្រព័ន្ធហិរញ្ញវត្ថុដើម្បីគាំទ្រដល់អាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងការពង្រីកឱកាសពាណិជ្ជកម្មក្នុងទីផ្សារពិភពលោក។
ក្នុងនាមតំណាងវិស័យឯកជននៅកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សូមវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវេទិកានេះ ដែលជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ធុរជនកម្ពុជាទៅកាន់ទីផ្សារ និងវិនិយោគិនអន្តរជាតិ ព្រមទាំងប្តេជ្ញាបន្តកៀរគរសមាជិក-សមាជិកា និងសហគមន៍ធុរកិច្ចទូទាំងប្រទេសឱ្យចូលរួមចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថល និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។










BECOME A MEMBER
