រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៥កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones - APF) បានបើកដំណើរការជាផ្លូវការនូវ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦» (La Rencontre des Entrepreneurs Francophones - La REF 2026) ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍ហ្វ្រង់កូហ្វូន» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Paul St-Pierre Plamondon នាយករដ្ឋមន្ត្រីកេប៊ិក (Quebec) ប្រទេសកាណាដា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោក អាមិត ស៊ីសសេ (Ahmed Cisse) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (Alliance des Patronats Francophones – APF)។ វេទិកានេះ គឺជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជាលើកដំបូងបង្អស់ដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
វេទិកានេះ បានទាក់ទាញគណៈប្រតិភូធុរកិច្ចជាង ១០០០ នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក ដើម្បីជួបពិភាក្សាធុរកិច្ច និងជំរុញលំហូរវិនិយោគជាក់ស្តែង ការបណ្តាក់ទុនរួមគ្នា ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ បច្ចេកវិទ្យានិងឌីជីថល កសិ-ឧស្សាហកម្មនិងការកែច្នៃម្ហូបអាហារ ថាមពលស្អាតនិងបរិស្ថាន សំណង់និងអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុនិងការប្រឹក្សាយោបល់ ពាណិជ្ជកម្ម ភស្តុភារកម្មនិងការដឹកជញ្ជូន សុខាភិបាលនិងវេជ្ជសាស្ត្រ ទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ការអប់រំនិងការបណ្តុះបណ្តាល និង វិស័យរ៉ែ និងធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សាផ្តោតលើប្រធានបទគន្លឹះសម្រាប់ការរីកចម្រើនក្នុងតំបន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ថាមពល ច្រករបៀងពាណិជ្ជកម្មអាស៊ាន-ហ្វ្រង់កូហ្វូនី (ASEAN–Francosphere) ការបណ្តាក់ទុនរួមគ្នា ទីផ្សារឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីការការពារការវិនិយោគ។
ថ្លែងក្នុងឱកាសបើកវេទិកានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រែក្លាយចំណងវប្បធម៌ និងភាសាឲ្យទៅជាភាពជាដៃគូសេដ្ឋកិច្ចជាក់ស្តែង។ អ្នកឧកញ៉ា លើកឡើងថា ៖ «សហគមន៍ហ្វ្រង់កូហ្វូនមានប្រជាជនចំនួន ១.២ ពាន់លាននាក់ គ្របដណ្តប់លើរដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង ៩០ ដែលស្មើនឹង ១៦.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សកល និង ២០% នៃទំហំពាណិជ្ជកម្មទំនិញពិភពលោក ក៏ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មភាគច្រើននៅតែមានលក្ខណៈទ្វេភាគី និង ដាច់ដោយឡែក។ កម្ពុជាគឺជាច្រកទ្វារយុទ្ធសាស្ត្របើកចំហដ៏ធំទូលាយ។ ជាមួយនឹងក្របខ័ណ្ឌច្បាប់វិនិយោគដែលអនុញ្ញាតឱ្យជនបរទេសធ្វើជាម្ចាស់ភាគហ៊ុន ១០០% ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៩ ឆ្នាំ បណ្តាញអគ្គិសនីជាតិដែលដើរដោយថាមពលកកើតឡើងវិញ និងថាមពលស្អាតជាង ៦០% ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ានដែលមានអ្នកប្រើប្រាស់ជាង ៦៨០ លាននាក់ និងកិច្ចព្រមព្រៀង RCEP ដោយគ្មានពន្ធគយ កម្ពុជាមានជំហរយ៉ាងរឹងមាំក្នុងការជួយជំរុញការពង្រីកអាជីវកម្មរយៈពេលវែងរបស់សហគ្រាសហ្វ្រង់កូហ្វូនចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍»។
កម្មវិធីថ្ងៃដំបូងត្រូវបានបិទបញ្ចប់ដោយពិធីលៀងសាយភោជន៍ផ្លូវការ (Gala Dinner) ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការអន្តរជាតិ។
















BECOME A MEMBER
