BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំជាមួយធនាគារមីហ្ស៊ូហូ អិលធីឌី សាខាភ្នំពេញ

នាថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក យ៉ាហ្គិ តាកាអុ អគ្គនាយកធនាគារមីហ្ស៊ូហូ អិលធីឌី សាខាភ្នំពេញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតបតាមការស្នើឡើងពីធនាគារមីហ្ស៊ូហូ អិលធីឌី សាខាភ្នំពេញ ដើម្បីធ្វើការណែនាំអំពីធនាគារមីហ្ស៊ូហូ ស្វែងយល់ និងបង្កើតទំនាក់ទំនងល្អជាសភាពាណិជ្ជកម្មកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនានាក្នុងពេលអនាគត។ ក្នុងកិច្ចប្រជុំ លោក យ៉ាហ្គិ តាកាអុ បានធ្វើការណែនាំខ្លួន និងក្រុមការងារ និងបានលើកឡើងថា ក្រៅពីតួនាទីជាអគ្គនាយក លោកក៏មានតួនាទីសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងធុរកិច្ចអន្តរជាតិរវាងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបរទេសនៅទូទាំងពិភពលោក។ លោក យ៉ាហ្គិ តាកាអុ បានលើកឡើងថា ក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា និងស្វែងរកដៃគូវិនិយោគដែលមានលក្ខណៈត្រឹមត្រូវស្របច្បាប់ និងប្រកបដោយទំនុកចិត្ត ដើម្បីធ្វើការវិនិយោគរួមគ្នាក្នុងវិស័យសក្កដានុពលនានា។ ហេតុដូច្នេះ លោក យ៉ាហ្គិ តាកាអុ បានស្នើសុំរៀបចំកិច្ចប្រជុំថ្ងៃនេះឡើងជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសុំជាអនុសាសន៍ និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនានាដែលស្ថាប័នទាំងពីរអាចសហការគ្នាទៅវិញទៅមក។

ជាកិច្ចឆ្លើយតប ឯកឧត្ដមឧកញ៉ាអគ្គនាយក បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់លោក យ៉ាហ្គិ តាកាអុ ដែលបានចាត់ទុកសភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នចម្បងសម្រាប់កិច្ច សហការក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគ។ ឯកឧត្ដមឧកញ៉ាអគ្គនាយក លើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតំណាងឱ្យវិស័យឯកជននៅកម្ពុជា​ដែល​អាច​ជួយ​សម្រប​សម្រួល​ស្វែង​រកដៃ​គូ​ដ៏​គួរ​ទុក​ចិត្ត​សម្រាប់​វិនិយោគិន​។ ឯកឧត្ដមឧកញ៉ាអគ្គនាយក បានសម្ដែងក្ដីរីករាយក្នុងការផ្ដល់ការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ចធុរជនកម្ពុជា និងជប៉ុន។

Share: