ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានសម្ពោធដាក់អោយដំណើរការហើយកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ មន្ទីរ អង្គរភាព កងកម្លាំង សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ខេត្តឧត្តរមានជ័យ ចំពោះសមិទ្ធិផលនានាដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការសម្របសម្រួលវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ (សៀមរាប-ឧត្តរមានជ័យ) ដែលប្រការនេះ គឺពិតជាបានជម្រុញដល់កំណើនសេដ្ឋកិច្ចក្នុងខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និង លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សម្រាប់ការិយាល័យដ៏ថ្មីស្រឡាង ដែលមានបំពាក់នូវគ្រឿងបរិក្ខារទំនើបទាន់សម័យ និងមានផាសុខភាព ស័ក្តិសមជាកន្លែងបម្រើការងារដ៏មានប្រសិទ្ធភាពមួយ។
ដោយលែកឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការល្អរបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាមួយអាជ្ញាធម៌ជុំវិញខេត្ត ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ។
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ