(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា កែវ ចំរើន សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ឯកឧត្តម សាំង រដ្ឋា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការរងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធជាផ្លូវការរថយន្តអគ្គិសនីសុទ្ធ RELY EV។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។
សូមជម្រាបជូនថា ក្រុមហ៊ុន រចនា អេកូ អេនើជី អ៊ីវី អូតូម៉ូធីវ (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនកូនខ្មែរ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តភីកអាប់អគ្គិសនីសុទ្ធម៉ាក RELY នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសបើកដំណើរការលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធម៉ាក RELY នៅកម្ពុជា គឺជាជំហានមួយដែលចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តប្រើប្រាស់ថាមពលស្អាត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចបៃតង កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយចំណាយប្រតិបត្តិការអាជីវកម្ម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

















BECOME A MEMBER
