រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាគូរ៉ាមុតសា នគូប៊ីតូ ម៉ានហ្ស៊ី (Bakuramutsa NKUBITO MANZI) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ជួបពិភាក្សាការងារ។ ឯកឧត្តមបានថ្លែងថា នេះគឺជាលើកទីបីហើយដែលឯកឧត្តមបានមកកម្ពុជា ហើយឯកឧត្តមបានសង្កេតឃើញនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើផ្នែកសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។ ឯកឧត្តមក៏បានរំលេចផងដែរថាគោលបំណងនៃកិច្ចពិភាក្សាថ្ងៃនេះគឺបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា ឱ្យកាន់តែមានភាពស៊ីជម្រៅ និងឈានទៅមុខមួយកម្រិតទៀត។ ដូចនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើរសុំការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីខាងមុខ ដើម្បីបង្កើតជាកិច្ចសហប្រតិបត្តិការផ្លូវការក្នុងវិស័យ កសិឧស្សាហកម្ម វាយនភណ្ឌ ស្រូវ និង អចលនទ្រព្យ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលនេះផងដែរ ហើយឯកឧត្តមក៏មានជំនឿចិត្តប្រទេសកម្ពុជាគឺពោរពេញទៅដោយសមត្ថភាពក្នុងនាមជាម្ចាស់ផ្ទះ។ជាចុងក្រោយ ឯកឧត្តមក៏បានអញ្ជើញ ឯកឧត្តមឧកញ៉ា អគ្គនាយក ដឹកនាំប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋរវ៉ាន់ដា តាមរយៈការរៀបចំជាបេសកកម្មពាណិជ្ជកម្ម (Trade Mission) នាពេលអនាគតផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់
ឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានអញ្ជើញមកប្រទេសកម្ពុជាជាលើកទីបី។
ឯកឧត្តមឧកញ៉ា អគ្គនាយកបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)រវាងសភាពាណិជ្ជកម្មទាំងពីរដោយកិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវប្រយោជន៍វិជ្ជមានសម្រាប់កម្ពុជាចូលទៅក្នុងទីផ្សារអាហ្រ្វិកតាមរយៈសាធារណរដ្ឋរវ៉ាន់ដា ហើយសាធារណរដ្ឋរវ៉ាន់ដា ក៏អាចចូលមកទីផ្សារអាស៊ានតាមរយៈកម្ពុជាផងដែរ។ ឯកឧត្តមឧកញ៉ា អគ្គនាយក បានបញ្ជាក់ថាសភាពាណិជ្ជកម្មកម្ពុជារីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋរវ៉ាន់ដា ដើម្បីរៀបចំការងារទាំងអស់នេះឱ្យលេចចេញជាផ្លែផ្កា សំដៅជំរុញទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។












BECOME A MEMBER
